Posted on September 24, 2010, 1:58 pm
ក្រូចថ្លុងផ្ដល់នូវសារជាតិចត់ ដើម្បីជួយកម្ចាត់រោគធាត់លើសទម្ងន់ដោយវា ជំរុញឲ្យថ្លើមកម្ទេច ជាតិខ្លាញ់នៅក្នុងខ្លួន ជំនួសឲ្យការថែរក្សាទុកវា។
ផ្លែឈើដ៏សាមញ្ញមួយនេះបានបង្ហាញថា គេមានប្រយោជន៍ជាខ្លាំងសម្រាប់ សុខភាពមនុស្ស ប្រសិនបើវាមានរសជាតិចត់ ដោយវាដើរតួជាអាវុធ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោម ផ្អែម ដ៏ដូចជាការកម្ទេចជាតិខ្លាញ់កុំឲ្យឡើង ទម្ងន់ផងដែរ។
នេះបើតាមការនិយាយ របស់អ្នកវិទ្យាសាស្ត្រដែលបានស្រាវជ្រាវ និងបានទទួលលទ្ធផលកាលពី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០០៩។
ការសិក្សានេះបានរកឃើញថា ណារីនជែនីន (Naringenin) សារជាតិហ្វ្លាវ៉ូណូអ៊ីដ (Flavonoid) ម្យ៉ាងដែលគេឃើញមាននៅក្នុងពពួកផ្លែក្រូច បានធ្វើឲ្យថ្លើម មិនរក្សាទុកនូវជាតិខ្លាញ់ទេ ផ្ទុយទៅវិញ វាបានដុតបំផ្លាញ ក្រោយពេលដែលគេបាន បរិភោគអាហាររួចហើយ។
អ្នកស្រាវជ្រាវជឿជាក់ថា សារជាតិណារីនជែននីន អាចជួយអ្នកជំងឺកើតរោគធាត់ ហើយថែមទាំង ប្រឆាំងជំងឺទឹកនោមផ្អែមទៀតផង ពីព្រោះវាបានជួយ ធ្វើឲ្យជាតិអាំងស៊ុយលីន និងកម្រិតគ្លុយកូស មានតុល្យភាព។
![]() |
សារជាតិណារីនជែនីន ផ្ដល់ឲ្យផ្លែឈើពពួកក្រូច ជាពិសេសក្រូចថ្លុងនូវរសជាតិចត់។
ប៉ុន្តែដោយសារនៅក្នុងការពិសោធគេប្រើសារជាតិណារីន ជែននីន ក្នុងកម្រិតខ្ពស់ជាងកម្រិត ដែលវាមាននៅ ក្នុងក្រូចថ្លុងអ្នកដែល ចាប់អារម្មណ៍ចំពោះអត្ថប្រយោជន៍ដុតបំផ្លាញជាតិខ្លាញ់ របស់វាត្រូវ រង់ចាំឲ្យអ្នកវិទ្យាសាស្ត្របង្កើតជាថ្នាំសិន។
នៅពេលដែលគេផលិតបានហើយ វាប្រហែលជាអាចព្យាបាលអ្នកទាំងឡាយ ដែលមានជំងឺទឹកនោមផ្អែម ប្រភេទ ទីពីរ ដែលជំងឺនេះជាបុព្វហេតុសំខាន់ធ្វើឲ្យកើតរោគបេះដូង។
ការធ្វើពិសោធស្រាវជ្រាវនេះ ត្រូវបានគេធ្វើលើសត្វកណ្ដុរដោយ ក្រុមការងារមួយ នៅឯវិទ្យាស្ថានស្រាវជ្រាវ រ៉ូប៉ាត (Robarts) នៅសាកលវិទ្យាល័យ វ៉េស្ទឺន អ៊ុនតារីអូ (Western Ontario) ក្នុងប្រទេសកាណាដា ហើយលទ្ធផលរបស់វា ត្រូវបានគេបោះពុម្ពផ្សាយនៅក្នុងព្រឹត្តិបត្រ ព័ត៌មាន ទឹកនោមផ្អែម។
គេបានបែងចែកសត្វកណ្ដុរជាពីរក្រុម ដោយក្រុមទាំងពីរត្រូវបានគេផ្ដល់ចំណីឲ្យ ក្នុងបរិមាណស្មើគ្នា ប៉ុន្តែក្រុមមួយត្រូវបានគេឲ្យស៊ីចំណី ដែលមានលាយសារជាតិ ណារីនជែនីននៅក្នុងនោះ។
ក្រុមសត្វកណ្ដុរដែលស៊ីអាហារគ្មានលាយជាតិណារីនជែនីន បានក្លាយជាកណ្ដុរធាត់ កម្រិតកូឡេស្ដេរ៉ូលរបស់កណ្ដុរទាំងនោះ មានការកើនឡើង ហើយរាងកាយរបស់ពួកវាបានប្រែទៅជាប្រឆាំងនឹង អាំងស៊ុយលីនដែលជា សារជាតិមួយជួយសម្រួល ដល់កម្រិត ជាតិស្ករ។
ចំពោះសត្វកណ្ដុរដែលគេផ្ដល់សារជាតិ ណារីនជែនីនវិញ មិនរងគ្រោះដោយសារ អាការះទាំងប៉ុន្មាននោះទេ បើទោះជាពួកវាបាន ស៊ីចំណីអាហារក្នុងបរិមាណស្មើគ្នាក៏ដោយ។
ការកើនឡើងនៃកូឡេស្ដេរ៉ូល ត្រូវបានសម្រួលដោយណារីនជែនីន ដែលសារជាតិនេះ ក៏សម្រួលឲ្យ ថ្លើមរបស់សត្វកណ្ដុរ ទាំងនោះដុតកម្ទេច ជាតិខ្លាញ់នៅក្នុងខ្លួនដែរ។
អ្នកដឹកនាំស្រាវជ្រាវគឺសាស្ត្រាចារ្យ ម៉ូរ៉ាយ ហ៊ុហ្វ (Murray Huff) បានបន្ថែមថា "លើសពីនេះទៀត ភាពធាត់ដែលកើតឡើង នៅក្នុងខ្លួនសត្វកណ្ដុរទាំងនេះត្រូវបាន ទប់ស្កាត់ទាំងស្រុងដោយ សារជាតិណារីនជែនីន "។
ពេលនេះក្រុមការងារកំពុងព្យាយាមអភិវឌ្ឍន៍ សារជាតិនេះឲ្យបានក្លាយជា ការព្យាបាល សម្រាប់មនុស្ស៕
ដកស្រង់ចេញពី http://women.open.org.kh/