គ្រោះ​ថ្នាក់​ជា​ហថាហេតុ​នៃ​ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ

Posted on December 4, 2010, 10:18 pm


គ្រោះ​ថ្នាក់​ជា​ហថាហេតុ​នៃ​ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ

កុមារ ក្រោម អាយុ ១២ ឆ្នាំ មិន ត្រូវ ប្រើ ទូរស័ព្ទ ដៃ ទេ ! នេះ ជា សេចក្តី អំពាវនាវរ បស់ លោក សាស្ត្រាចារ្យ David Servan-Schreiber និង ក្រុម គ្រូពេទ្យ ចំនួន ១៩ នាក់ ផ្សេង ទៀត ដែល ភាគ ច្រើន មាន ឯកទេស ផ្នែក ជំងឺ មហារីក។ អ្នក វិទ្យាសាស្ត្រ ទាំងនេះ បាន ចុះ ហត្ថលេខា ព្រមព្រៀង ផ្សព្វផ្សាយ ជា សាធារណៈ សេចក្តី ប្រកាស មួយ ស្តី ពី គ្រោះថ្នាក់ ជា យថាហេតុ នៃ ការ ប្រើប្រាស់ ទូរស័ព្ទ ដៃ។ តើ ទូរស័ព្ទ ដៃ ពិត ជា អាច បង្ក គ្រោះថ្នាក់ ដល់ សុខភាព កុមារ និង ជន ទូទៅ ដល់ កំរិត ណា ? តើ ត្រូវ ធ្វើ ដូចម្តេច ទើប អាច ចៀសវាង បាន ឬ ត្រូវ ឈប់ ប្រើ ទូរស័ព្ទ ដៃ ?

ឈឺ ក្បាល ធ្ងន់ ត្រចៀក ចាក់ ស្កៀប រមាស់ លើ ស្បែក នៅ ពេល កំពុង ប្រើ ទូរស័ព្ទ តើ មក ពី មូលហេតុ អ្វី ? ឬ ក៏ មក ពី មូល ខាំ មិន ដឹង ពេល យើង រវល់ និយាយ ?! ញាក់ ត្របក ភ្នែក ខាង ស្តាំ ឬ ខាង ឆ្វេង ខាង ស៊យ ខាង ណា ហេង ?! នៅ ក្មេង នៅ ឡើយ តែ ឆាប់ ភ្លេចភ្លាំង ជាង មនុស្ស ចាស់ សម័យ មុន ឆាប់ បាត់បង់ ការ ប្រមូល ផ្តុំ អារម្មណ៍ ឬ ហឹង ត្រចៀក ។ល។ និង ។ល។ មិនមែន ចៃដន្យ ទេ ! អាការៈ ដែល នាងខ្ញុំ រៀបរាប់ អំបាញ់ មិញ នេះ គឺ អាច ជា ឥទ្ធិពល ខ្លះ ដែល បង្ក ឡើង ដោយ សារ ទូរស័ព្ទ។ ទំនង ជា នៅ មាន គ្រោះថ្នាក់ ខ្លាំង និង ធ្ងន់ធ្ងរ ជាង នេះ ទៀត។

បណ្តាជន ទូទៅ ត្រូវ យល់ ថា ការប្រើប្រាស់ ទូរស័ព្ទ ដៃ ប្រាកដ ជា បង្ក ឲ្យ មាន ផលវិបាក អ្វី មួយ ទៅ ថ្ងៃ ក្រោយ មិន ខាន ឡើយ !

នេះ ជា សារ ដ៏ សំខាន់ មួយ ដែល លោក សាស្ត្រាចារ្យ David Servan-Schreiber ចង់ ឲ្យ ប្រិយមិត្ត ចងចាំ។ លោក សាស្ត្រាចារ្យ និង លោក វេជ្ជបណ្ឌិត Thierry Bouillet ព្រម ទាំង ក្រុម គ្រូពេទ្យ មួយ ចំនួន ធំ មាន ឯកទេស ផ្នែក ជំងឺ មហារីក បាន ចុះ ហត្ថលេខា ព្រម គ្នា ចេញ សេចក្តី ប្រកាស អំពាវនាវ មួយ ឲ្យ ធ្វើការ ប្រុង ប្រយ័ត្ន នឹង គ្រោះថ្នាក់ ជា យថាហេតុ នៃ ការ ប្រើប្រាស់ ទូរស័ព្ទ ដៃ។

ក្នុង ពេល រង់ចាំ សេចក្តី សន្និដ្ឋាន សរុប ចុង ក្រោយ ស្តីពី គ្រោះ ថ្នាក់ របស់ ទូរស័ព្ទ ដៃ ក្រុម គ្រូពេទ្យ ហត្ថលេខី នៃ សេចក្តី អំពាវនាវ នេះ បាន លើក ឡើង ពីគ្រោះ ថ្នាក់ ដ៏ ធំធេង របស់ ទូរស័ព្ទ ដៃ ជា ពិសេស ចំពោះ កុមារ ដែល មាន អាយុ ក្រោម ១២ ឆ្នាំ និង បាន ចេញ វិធានការ ណែនាំ ជាមួយ ផង។

ចំពោះ ក្រសួង សុខាភិបាល បារាំង រហូត មក ទល់ ពេល នេះ ម៉ោង នេះ ពុំទាន់ មាន ភស្តុតាង វិទ្យាសាស្ត្រ ណា មួយ បញ្ជាក់ ពី គ្រោះថ្នាក់ ធំ ដុំ គួរ ឲ្យ កត់ សំគាល់ ទេ។ ប៉ុន្តែ សំរាប់ ក្រុម អ្នក ស្រាវជ្រាវ ដែល សុទ្ធ សឹង ជា គ្រូពេទ្យ ឯកទេស ជំងឺ មហារីក មាន លោក សាស្ត្រាចារ្យ David Servan-Schreiber ជា សាស្ត្រាចារ្យ វេជ្ជសាស្ត្រ ផ្នែក ផ្លូវ ចិត្ត ជា អ្នក ផ្តើម គំនិត បាន គូស បញ្ជាក់ ថា មាន ភស្តុតាង វិទ្យាសាស្ត្រ ច្រើន គ្រប់គ្រាន់ គួរ ឲ្យ ព្រួយ បារម្ភ ស្តីពី គ្រោះថ្នាក់ នៃ ការ ប្រើប្រាស់ ទូរស័ព្ទ ដៃ។ ហើយ គ្រោះថ្នាក់ នោះ សោត ជា គ្រោះថ្នាក់ ធ្ងន់ធ្ងរ បំផុត ដែល យើង មិន គួរ បណ្តែត ណ្តោយ ឡើយ។ លោក សាស្ត្រាចារ្យ បាន ធានា អះអាង ថា អ្វី ដែល លោក លើក ឡើង ទាំង អំបាល មាន មិនមែន ក្នុង ន័យ បង្អាប់ បណ្តុះ ក្រុមហ៊ុន ផលិត ទូរស័ព្ទ ឡើយ តែ ជា ការ ជួយ ជំរុញ លើក ទឹកចិត្ត ឲ្យ អភិវឌ្ឍ ការ ផលិត ទូរស័ព្ទ ថ្មីៗ ទៀត ប្រកប ដោយ សុវត្ថិភាព ខ្ពស់ សំរាប់ សុខភាព សាធាណៈ ហើយ លោក ក៏ មិន ប្រឆាំង នឹង ការ ប្រើប្រាស់ ទូរស័ព្ទ ដែរ រូប លោក ផ្ទាល់ ក៏ ប្រើ ទូរស័ព្ទ និង ព្រម ទាំង មាន ជំងឺ មហារីក ខួរក្បាល ជាប់ ខ្លួន ផង តែ ការ ប្រើប្រាស់ ទូរស័ព្ទ ដៃ ពិត ជា អាច បង្ក គ្រោះថ្នាក់ សុខភាព ហើយ យើង អាច រក មធ្យោបាយ ការពារ បាន។ នេះ បើ តាម ការ អះអាង របស់ លោក សាស្ត្រាចារ្យ David Servan-Schreiber ដដែល។

ជាច្រើន ឆ្នាំ មក ហើយ ដែល ចំណោទ ជុំវិញ សុវត្ថិភាព និង គ្រោះថ្នាក់ នៃ ការ ប្រើ ប្រាស់ ទូរស័ព្ទ ដៃ បាន ក្លាយ ជា កង្វល់ ធំ មួយ របស់ អ្នក ស្រាវជ្រាវ និង ក្រុម អ្នក វេជ្ជសាស្ត្រ។ តើ ទូរស័ព្ទ ដៃ ពិត ជា មាន គ្រោះថ្នាក់ ដល់ សុខភាព មែន ឬ ? កាលពី ឆ្នាំ ២០០០ អ្នក ស្រាវជ្រាវ បាន រក ឃើញ ថា ការ ប្រើប្រាស់ ប្រព័ន្ធ បច្ចេកវិទ្យា ចាប់ រលក សម្លេង ទំនង ជា បង្ក គ្រោះថ្នាក់ ផ្ទាល់ ដល់ ខួរក្បាល។ ប្រសិន បើ និយាយ ទូរស័ព្ទ ដៃ យូរ ជាប់ រយៈពេល ប្រមាណ ២០ នាទី ជាប់ ឥត ឈប់ នោះ នឹង ធ្វើ ឲ្យ ផ្នែក ខាង ក្រៅ ត្រចៀក ឡើង សីតុណ្ហភាព។ ដូច្នេះ សំរាប់ អ្នក ឯកទេស ជាច្រើន នៅ ពេល ប្រើ ប្រាស់ ទូរស័ព្ទ ដៃ នេះ យូរៗ ទៅ អាដេអិន របស់ កោសិកា ខួរ ក្បាល នឹង ចុះ ទន់ ខ្យោយ ខូច ខាត រហូត បង្ក ទី ជា ដុំ សាច់ ប្រភេទ មហារីក។

ការ សិក្សា ដែល មាន ពី មុនៗ មក ពុំ គ្រប់គ្រាន់ សំរាប់ សរុប សេចក្តី ថា ទូរស័ព្ទ ដៃ ពិតជា មូលហេតុ ចំបង នៃ គ្រោះ កើត ដុំ សាច់ ប្រភេទ មហារីក និង ធ្វើ ឲ្យ ខូច សុខភាព ឡើយ ប៉ុន្តែ ការសិក្សា ចុង ក្រោយ វិភាគ ឃើញ ថា នៅ ពេល កំពុង និយាយ ទាក់ ទង គ្នា ដែន ម៉ាញេទិញ ដែល ទូរស័ព្ទ ដៃ បញ្ចេញ នោះ អាច ជ្រាប ចូល ទៅ ក្នុង ខ្លួន មនុស្ស ដោយ ពិត ជាក់ ស្តែង ទោះ ជា ដែនម៉ាញេទិច មាន កំរិត ស្រប នឹង បទដ្ឋាន សំរាប់ រក្សា សុវត្ថិភាព ក៏ដោយ។ ដែន ម៉ាញេទិច ជ្រាប ចូល ក្នុង ខួរក្បាល ធ្វើ ឲ្យ មាន ការ សំយោគ ចេញ ជា ប្រូតេអ៊ីន ច្រើន បង្ក បង្កើត ឲ្យមាន stress។ ដែន ម៉ាញេទិច អាច ជ្រាប ចូល ក្នុង ខ្លួន មនុស្ស ជាពិសេស ត្រង់ ខួរក្បាល ដូច្នេះ ហើយ បាន ជា កុមារ អាច ទទួល រងគ្រោះ ខ្លាំង ជាង មនុស្ស ចាស់ ព្រោះ ខួរក្បាល កុមារ មាន ទំហំ តូច នៅ ឡើយ។

ការ ប្រើប្រាស់ ទូរស័ព្ទ ដៃ អាច ជួយ ជំរុញ ឲ្យ មាន ជា ដុំ សាច់ -ដុំសាច់ របស់ ស្រោម សសៃ ប្រសាទ វិវត្តិ យូរៗ ទៅ ទៅ ជា មហារីក និង ជំរុញ ឲ្យ មាន ជំងឺ មហារីក ខួរក្បាល ជាពិសេស នៅ ផ្នែក ខាង ត្រចៀក ស្តាប់ ទូរស័ព្ទ ច្រើន។ បើ តាម អ្នក ស្រាវជ្រាវ ជនជាតិ ស៊ុយអែត គ្រោះ កើត ដុំ សាច់ ប្រភេទ មហារីក នៅ ផ្នែក ខាង ដាក់ ទូរស័ព្ទ ស្តាប់ ឡើង គុណ ទ្វេ ជា ពីរ ក្នុង រយៈពេល នៃ ការ ប្រើប្រាស់ ទូរស័ព្ទ តែ ១០ ឆ្នាំ ប៉ុណ្ណោះ។ អ្នក ស្រាវជ្រាវ អាមេរិក បាន បន្ថែម ទៀត ថា កុមារ អាច នឹង ជួប គ្រោះ កើត ជំងឺ មហារីក ឈាម ដោយសារ ការ កើន ឡើង នៃ ចំនួន គ្រាប់ ឈាម ស។

ដូច្នេះ ក្នុង ពេល ដែល ការ សិក្សា ស្រាវជ្រាវ បាន ពុំ ទាន់ អាច ជូន លទ្ធផល ជាក់ ស្តែង ជា ផ្លូវ ការ លោក សាស្ត្រាចារ្យ សូម ណែនាំ ដល់ ឪពុកម្តាយ ព្រម ទាំង អ្នក ប្រើប្រាស់ ទាំង ឡាយ ឲ្យ ប្រុងប្រយ័ត្ន និង អនុវត្ត តាម ការ ណែនាំ ខាងក្រោម ដើម្បី ការពារ សុខភាព សំរាប់ ថ្ងៃ អនាគត។

លោក សាស្ត្រាចារ្យ និង ក្រុម ហត្ថលេខី នៃ សេចក្តី អំពាវនាវ ស្តីពី គ្រោះថ្នាក់ នៃ ទូរស័ព្ទ ដៃ សូម ផ្តល់ ដំបូន្មាន ដល់ អ្នក ប្រើប្រាស់ ទូរស័ព្ទ ដៃ ទាំងអស់ ឲ្យ គោរព តាម វិធានការ ការពារ សំខាន់ៗ ទាំងឡាយ សំរាប់ មនុស្ស ពេញវ័យ និង សំរាប់ កុមារ រួម មាន ៖

  • មិន ត្រូវ អនុញ្ញាត ឲ្យ កុមារ អាយុ ក្រោម ១២ ឆ្នាំ និយាយ ទូរស័ព្ទ ដៃ ទេ លើកលែង តែ ករណី បន្ទាន់ ខ្លាំង ឬ រហូត ដល់ អាយុ ១៥ ឆ្នាំ រឹត តែ ប្រសើរ។

និយាយ ទូរស័ព្ទ ដៃ ដាក់ ជាប់ ត្រចៀក គួរ តែ មាន រយៈពេល ខ្លី។ បី នាទី យ៉ាង យូរ បំផុត។ ហើយ សាក ល្បង ដាក់ ទូរស័ព្ទ ឲ្យ ឆ្ងាយ ពី ត្រចៀក-បាន កាន់ តែ ឆ្ងាយ កាន់តែ ប្រសើរ ឬ ពុំ ដូច្នោះ ទេ បើក សម្លេង ឲ្យ ឮ ខ្លាំង ឬ ប្រើ ប្រដាប់ ស្តាប់ ពាក់ នៅ នឹង ត្រចៀក និង ត្រូវ ប្តូរ ត្រចៀក ស្តាប់ ឲ្យ បាន ញឹកញាប់។

  • គួរ ចៀសវាង កុំ ប្រើ ទូរស័ព្ទ នៅ ពេល ជិះឡាន ជិះ មូតូ ក្នុង រទេះ ភ្លើង ឬ ដើរ បណ្តើរ និយាយ បណ្តើរ នៅ ទីកន្លែង ប្រជុំ ជន មាន សម្លេង និង ចរាចរណ៍ ច្រើន កន្លែង ដែល អាច មាន ដែន ម៉ាញេទិច ជុំវិញ ខ្លួន។

  • លោកស្រី Catherine Gouhier បាន ចូលរួម ចំនែក ជាមួយ លោក សាស្ត្រាចារ្យ David Servan-Schreiber ដោយ ពន្យល់ ថា តោង កុំ ដាក់ ទូរស័ព្ទ ជាប់ នឹង ខ្លួន អី។ ចំពោះ បុរស បើ ដាក់ ទូរស័ព្ទ នៅ ហោបៅ ខោ មុខ បុរស នោះ អាច នឹង ជួប ជំងឺ អត់ កូន និង មិន ត្រូវ ដាក់ នៅ ជិត បេះដូង ទេ។

  • ដំបូន្មាន ចុង ក្រោយ ដែល លោក សាស្ត្រាចារ្យ សូម ផ្តែផ្តាំ សូម កុំ ចុច បញ្ជូន ភ្លាម លើក ដាក់ ផ្អិប នឹង ត្រចៀក ស្តាប់ ភ្លាម ពោល គឺ ត្រូវ រង់ចាំ ដៃ គូ សន្ទនា លើក « អាឡូ »សិន សឹម យក មក ដាក់ ក្បែរ ត្រចៀក ស្តាប់ និង និយាយ។

អត្ថបទដកស្រង់ចេញពី ( http://www.rfi.fr )

Blog Archive

  • 2023-May (1)
  • 2023-February (1)
  • 2020-October (1)
  • 2020-May (1)
  • 2020-February (2)
  • 2019-December (5)
  • 2019-November (1)
  • 2018-July (1)
  • 2017-December (1)
  • 2017-November (1)
  • 2017-June (1)
  • 2016-September (5)
  • 2016-August (3)
  • 2016-June (1)
  • 2015-September (1)
  • 2015-May (1)
  • 2015-February (2)
  • 2014-December (1)
  • 2014-November (2)
  • 2014-September (3)
  • 2014-August (1)
  • 2014-June (1)
  • 2014-May (1)
  • 2014-March (1)
  • 2013-December (2)
  • 2013-October (2)
  • 2013-July (1)
  • 2013-June (3)
  • 2013-May (4)
  • 2013-March (1)
  • 2012-December (2)
  • 2012-November (1)
  • 2012-October (1)
  • 2012-September (2)
  • 2012-August (2)
  • 2012-July (2)
  • 2012-June (1)
  • 2012-May (2)
  • 2012-March (2)
  • 2012-February (2)
  • 2012-January (5)
  • 2011-December (2)
  • 2011-November (4)
  • 2011-October (5)
  • 2011-September (2)
  • 2011-August (1)
  • 2011-June (2)
  • 2011-May (1)
  • 2011-April (9)
  • 2011-March (3)
  • 2011-February (12)
  • 2011-January (16)
  • 2010-December (17)
  • 2010-November (6)
  • 2010-October (10)
  • 2010-September (8)